សាស្តា 5:16-20 KHOV

16 នេះ​ក៏​ជា​ការ​អាក្រក់​យ៉ាង​ធ្ងន់​ដែរ គឺ​ដែល​កើត​មក​យ៉ាង​ណា នោះ​ត្រូវ​ទៅ​វិញ​យ៉ាង​នោះ​ឯង ការ​ដែល​បាន​ធ្វើ​ដោយ​នឿយ​ហត់ ជា​អសារ‌ឥត‌ការ​ដូច្នេះ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្លួន

17 គ្រប់​១​ជីវិត នោះ​ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។

18 នេះ​ហើយ​ជា​ការ ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​អស់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន

19 ឯ​អស់​អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច​នឹង​បរិភោគ​ផល​នៃ​របស់​ទាំង​នោះ និង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ​ទាន​ពី​ព្រះ

20 ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​ផ្សាយ​សេចក្ដី​អំណរ​មក​ក្នុង​ចិត្ត​ហើយ។