សាស្តា 5:7-13 KHOV

7 ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។

8 បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង

9 ១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។

10 អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ

11 កាល​ណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ‌សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ

12 ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។

13 មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន