11 យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ
12 ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។
13 យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅ ដូចជាធំប្រសើរដល់យើងដែរ
14 គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ
15 រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ
16 នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ
17 ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ