សាស្តា 9:12-18 KHOV

12 ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​១​រំពេច​ដែរ។

13 យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ

14 គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ

15 រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ

16 នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែ​គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

17 ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ

18 ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចំបាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់​រមែង​បំផ្លាញ​ការ​ល្អ​ទៅ​ជា​ច្រើន​វិញ។