សាស្តា 9:2-8 KHOV

2 គ្រប់​ទាំង​អស់​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា មាន​ការ​តែ​១​មុខ​កើត​ដល់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ មនុស្ស​ស្អាត និង​មនុស្ស​ដែល​មិន​ស្អាត ហើយ​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា និង​មនុស្ស​ដែល​មិន​ថ្វាយ​ផង គឺ​មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ហ៊ាន​ផ្តាសា​ដល់​ខ្លួន ក៏​ដូច​ជា​អ្នក​ដែល​ខ្លាច​ពាក្យ​ផ្តាសា​ដែរ

3 នេះ​ជា​ការ​អាក្រក់​១​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់

4 ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ

5 ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ

6 ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ និង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។

7 ដូច្នេះ ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ

8 ចូរ​ឲ្យ​សំលៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ