១ សាំយូអែល 1:7-13 KHOV

7 ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ

8 នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។

9 ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

10 ខណៈ​នោះ នាង​មាន​សេចក្តី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក

11 រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។

12 គ្រា​កំពុង​ដែល​នាង​នៅ​អធិស្ឋាន ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​ចំណាំ​មើល​មាត់​នាង

13 ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ