១ សាំយូអែល 10:17-23 KHOV

17 នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា

18 រួច​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង

19 តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្តី​វេទនា​របស់​ឯង ឥឡូវ​នេះ​ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ

20 សាំយូ‌អែល ក៏​ឲ្យ​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​ទ្រង់​រើស​យក​ពូជ​អំបូរ​បេន‌យ៉ា‌មីន

21 រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ

22 ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់

23 គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្តាល​ពួក​ជន នោះ​គាត់​មាន​កំពស់​ជាង​គេ​ទាំង​អស់ ឯ​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ