20 សាំយូអែល ក៏ឲ្យពូជអំបូរ នៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន
21 រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ
22 ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់
23 គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្តាលពួកជន នោះគាត់មានកំពស់ជាងគេទាំងអស់ ឯបណ្តាជនទាំងឡាយបានត្រឹមតែស្មារបស់គាត់ទេ
24 នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។
25 គ្រានោះ សាំយូអែលក៏ប្រាប់ពន្យល់ ដល់ពួកបណ្តាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកបណ្តាជនត្រឡប់ទៅឯផ្ទះគេរៀងខ្លួនវិញទៅ
26 ឯសូលលោកក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្តាលចិត្តគេ ទៅជាមួយផង