4 ដូច្នេះ ពួកអ្នកទាំងនោះ ក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា
5 ខណៈនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជំរាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
6 កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្តីកំហឹងរបស់លោកក៏ឆួលឆេះឡើង
7 លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែលនោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្តីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
8 ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់
9 រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្តីអំណរឡើងជាខ្លាំង
10 ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ