7 លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែលនោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្តីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
8 ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់
9 រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្តីអំណរឡើងជាខ្លាំង
10 ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ
11 លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។
12 ស្រេចហើយ បណ្តាជនគេជំរាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសំឡាប់ចោលចេញ
13 តែសូលប្រកែកថា នៅថ្ងៃនេះ មិនត្រូវឲ្យសំឡាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្តីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។