1 លំដាប់នោះ សាំយូអែលប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា មើល ខ្ញុំបានស្តាប់តាមគ្រប់ទាំងសេចក្តី ដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា
2 ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ
3 ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
4 តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ
5 រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។