១ សាំយូអែល 12:11-17 KHOV

11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចាត់​យេរូ-បាល និង​សាំយូ‌អែល​មក​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំវិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ

12 តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ

13 ដូច្នេះ មើល ស្តេច​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រើស ហើយ​បាន​សូម​នោះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ហើយ

14 បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កោត‌ខ្លាច ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឥត​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​ណា​មួយ ហើយ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នឹង​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក នោះ​បាន​ល្អ​ហើយ

15 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​របស់​ទ្រង់​វិញ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​ដែរ

16 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ

17 នៅ​រដូវ​នេះ តើ​មិន​មែន​ជា​ចំរូត​នៃ​ស្រូវ​ភោជ្ជ‌សាលី​ទេ​ឬ​អី តែ​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង ហើយ​ឃើញ​ជាក់​ថា ទោស​របស់​អ្នក​រាល់​គ្នា​ជា​ធ្ងន់​ក្រៃលែង នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​បាន​សូម​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​នេះ