16 ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ
17 នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ
18 នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះឯង ដូច្នេះ បណ្តាជនទាំងឡាយក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់សាំយូអែលជាខ្លាំង។
19 រួចបណ្តាជនក៏សូមដល់សាំយូអែលថា សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសំរាប់យើងខ្ញុំនេះ
20 សាំយូអែលឆ្លើយថា កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ
21 កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់
22 ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ និងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់