១ សាំយូអែល 12:17-23 KHOV

17 នៅ​រដូវ​នេះ តើ​មិន​មែន​ជា​ចំរូត​នៃ​ស្រូវ​ភោជ្ជ‌សាលី​ទេ​ឬ​អី តែ​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង ហើយ​ឃើញ​ជាក់​ថា ទោស​របស់​អ្នក​រាល់​គ្នា​ជា​ធ្ងន់​ក្រៃលែង នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​បាន​សូម​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​នេះ

18 នោះ​សាំយូ‌អែល​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក​នៅ​ថ្ងៃ​នោះ​ឯង ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​សាំយូ‌អែល​ជា​ខ្លាំង។

19 រួច​បណ្តា‌ជន​ក៏​សូម​ដល់​សាំយូ‌អែល​ថា សូម​ឲ្យ​លោក​មេត្តា​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​យើង​ខ្ញុំ​បាន​បន្ថែម​ការ​អាក្រក់​នេះ ក្នុង​អំពើ​បាប​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន​ហើយ ដោយ​បាន​សូម​ស្តេច​សំរាប់​យើង​ខ្ញុំ​នេះ

20 សាំយូ‌អែល​ឆ្លើយ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំង​នេះ​មែន ប៉ុន្តែ កុំ​ឲ្យ​តែ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត គឺ​ត្រូវ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត​ចុះ

21 កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រយោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់

22 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បោះ‌បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ និង​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់

23 មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ