១ សាំយូអែល 12:6-12 KHOV

6 នោះ​សាំយូ‌អែល​ថ្លែង​ប្រាប់​ដល់​ពួក​ជន​ថា គឺ​ព្រះ‌យេហូវ៉ា​ដែល​បាន​តាំង​ម៉ូសេ និង​អើរ៉ុន​ឡើង ព្រម​ទាំង​នាំ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក

7 ដូច្នេះ ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឭក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ពី​គ្រប់​ទាំង​ការ​សុចរិត ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា

8 គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​នាំ​ពួក​អយ្យកោ នៃ​អ្នក​រាល់​គ្នា​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំនៅ​នៅ​ទី​នេះ

9 ប៉ុន្តែ គេ​បាន​ភ្លេច​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ រួច​ទ្រង់​បាន​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសេរ៉ា ជា​មេ‌ទ័ព នៃ​ក្រុង​ហាសោរ ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ

10 គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ សូម​ទ្រង់​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​វិញ

11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចាត់​យេរូ-បាល និង​សាំយូ‌អែល​មក​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំវិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ

12 តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ