5 ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
6 កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្តីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន
7 រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ ទៅឯស្រុកកាឌ់ ហើយនឹងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8 ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ
9 ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ
10 តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
11 ប៉ុន្តែ សាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង