១ សាំយូអែល 13:6-12 KHOV

6 កាល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្តី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន

7 រីឯ​ពួក​ហេ‌ព្រើរ​ខ្លះ គេ​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ឯ​ស្រុក​កាឌ់ ហើយ​នឹង​ស្រុក​កាឡាត​ទៅ តែ​សូល​ទ្រង់​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្តា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។

8 ទ្រង់​ក៏​រង់‌ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូ‌អែល​បាន​សន្យា តែ​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​បណ្តា‌ជន​ក៏​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ

9 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ

10 តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក

11 ប៉ុន្តែ សាំយូ‌អែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីក‌ម៉ាស​ផង

12 នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ