១ សាំយូអែល 13:9-15 KHOV

9 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ

10 តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក

11 ប៉ុន្តែ សាំយូ‌អែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីក‌ម៉ាស​ផង

12 នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ

13 សាំយូ‌អែល​ឆ្លើយ​ថា ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ និង​តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង‌រាប​ដរាប​ទៅ

14 តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​ពួក​រាស្ត្រ​ទ្រង់​វិញ ពី​ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ

15 រួច​សាំយូ‌អែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីល‌កាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេន‌យ៉ា‌មីន​ទៅ។