31 នៅថ្ងៃនោះឯង គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាស រហូតដល់អាយ៉ាឡូន ហើយពួកបណ្តាទ័ពគេល្វើយខ្លាំងណាស់
32 ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសំឡាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង
33 ខណៈនោះ មានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្ម១យ៉ាងធំ មកឯអញឥឡូវ
34 រួចទ្រង់បង្គាប់ថា ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកនាំយកគោ និងចៀមមកឯអញ ដើម្បីនឹងសំឡាប់បរិភោគនៅទីនេះវិញ កុំឲ្យធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ ដូច្នេះ នៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសំឡាប់នៅទីនោះ
35 ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
36 លំដាប់នោះសូលទ្រង់មានព្រះបន្ទូលថា ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីនឹងវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ គេទទួលថា សូមទ្រង់សំរេច តាមដែលយល់ថាស្រួលចុះ នោះសង្ឃមានវាចាថា ចូរយើងរាល់គ្នាមូលមកឯព្រះនៅទីនេះសិន
37 សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះ ព្រះទ្រង់មិនបានឆ្លើយតបមកសោះ