36 លំដាប់នោះសូលទ្រង់មានព្រះបន្ទូលថា ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីនឹងវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ គេទទួលថា សូមទ្រង់សំរេច តាមដែលយល់ថាស្រួលចុះ នោះសង្ឃមានវាចាថា ចូរយើងរាល់គ្នាមូលមកឯព្រះនៅទីនេះសិន
37 សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះ ព្រះទ្រង់មិនបានឆ្លើយតបមកសោះ
38 ដូច្នេះ សូលទ្រង់ប្រាប់ថា ចូរមកឯណេះ ពួកអ្នកដែលជាមេលើរាស្ត្រអើយ ដើម្បីនឹងពិចារណាមើល ឲ្យដឹងជាកើតមានបាបយ៉ាងណានៅថ្ងៃនេះ
39 ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលទ្រង់បានជួយសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថាន ជាកូនយើងក៏ដោយគង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ ក្នុងពួកពលទ័ពគ្មានអ្នកណា១ឆ្លើយឡើងសោះ
40 រួចទ្រង់មានព្រះបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ
41 ដូច្នោះ សូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនឹងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ
42 រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។