42 រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។
43 លំដាប់នោះ សូលមានព្រះបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎
44 សូលមានព្រះបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង
45 តែពួកបណ្តាទ័ពទូលសួរដល់សូលថា ឯយ៉ូណាថានដែលបាននាំឲ្យមានសេចក្តីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឲ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ ដូច្នេះ ពួកបណ្តាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ
46 នោះសូលទ្រង់ក៏លែងដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីន គេវិលទៅឯកន្លែងគេរៀងខ្លួនទៅ។
47 រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន និងសាសន៍អេដំម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប
48 ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។