១ សាំយូអែល 15:17-23 KHOV

17 សាំយូ‌អែល​ក៏​ទូល​ថា ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ

18 ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ា‌លេក​កំបាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​ដរាប​ដល់​វិនាស​បាត់​ទាំង​អស់​ចេញ

19 ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ

20 តែ​សូល​ទ្រង់​ឆ្លើយ​ប្រកែក​ថា ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល ខ្ញុំ​បាន​នាំ​ទាំង​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ា‌លេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ

21 ប៉ុន្តែ ពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម និង​គោ​ដែល​ជា​សំខាន់ៗ​ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​នៅ​ត្រង់​គីល‌កាល

22 សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត

23 ឯ​សេចក្តី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្តី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។