១ សាំយូអែល 16:1-5 KHOV

1 គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​សាំយូ‌អែល​ថា តើ​ឯង​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត ដ្បិត​អញ​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​បំពេញ​ប្រេង​ក្នុង​ស្នែង​របស់​ឯង​ចេញ​ទៅ អញ​នឹង​ចាត់​ឯង​ទៅ​ឯ​អ៊ីសាយ​នៅ​បេថ្លេ‌ហិម ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​អញ

2 តែ​សាំយូ‌អែល​ប្រកែក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​ទៅ​បាន ដ្បិត​បើ​សូល​បាន​ឮ នោះ​ទ្រង់​នឹង​សំឡាប់​ទូល‌បង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​គោ​ក្រមុំ​១​នាំ​ទៅ​ជា​មួយ​ផង​ដោយ​ថា ខ្ញុំ​បាន​មក ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

3 រួច​ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​ដល់​អ្នក​ណា​ដែល​អញ​នឹង​ប្រាប់​ឯង ដើម្បី​ញែក​ចេញ​ឲ្យ​អញ

4 ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក បាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី

5 លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ​នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។