១ សាំយូអែល 17:19-25 KHOV

19 ចំណែក​សូល និង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន

20 ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម

21 ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ

22 ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង

23 គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ

24 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង

25 រួច​ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ