១ សាំយូអែល 17:23-29 KHOV

23 គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ

24 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង

25 រួច​ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ

26 ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្តី​ដំនៀល​ពី​អ៊ីស្រា‌អែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ

27 គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។

28 គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្តី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្តី​អំនួត និង​សេចក្តី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

29 តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ