១ សាំយូអែល 17:32-38 KHOV

32 ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ

33 តែ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​នឹង​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ

34 នោះ​ដាវីឌ​ដំណាល​រឿង​ទូល​សូល​ថា ពី​ដើម​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក នោះ​វេលា​ណា​ដែល​មាន​សិង្ហ ឬ​ខ្លា‌ឃ្មុំ មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ

35 ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក‌ចង្កា​វាយ​សំឡាប់​ទៅ

36 ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ

37 ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណៈ​នោះ សូល​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង

38 ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ