១ សាំយូអែល 17:36-42 KHOV

36 ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ

37 ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណៈ​នោះ សូល​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង

38 ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ

39 នោះ​ដាវីឌ​ក៏​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​ល្បង​មើល ដ្បិត​មិន​ដែល​បាន​ល​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា ទូល‌បង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ល​ម្តង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ

40 រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​យាម គឺ​ក្នុង​ប្លោក​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​ដំរង់​ចូល​ទៅ​ឯ​សាសន៍​ភីលីស្ទីន​នោះ។

41 ចំណែក​សាសន៍​ភីលីស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង

42 កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ