១ សាំយូអែល 17:47-53 KHOV

47 ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង

48 កាល​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ជួប​គ្នា

49 ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។

50 ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ

51 រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សំឡាប់​វា​ទៅ ព្រម​ទាំង​កាត់​បណ្តាច់​ក្បាល​ចេញ កាល​ពួក​ទ័ព​ភីលីស្ទីន​បាន​ឃើញ​ថា ទាហាន​ដំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង​ទៅ

52 ឯ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រុន

53 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ