17 នៅគ្រានោះ សូលមានព្រះបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ
18 ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ
19 តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ
20 ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់សូល ការនោះក៏គាប់ព្រះទ័យដល់ទ្រង់
21 ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានព្រះបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។
22 សូលទ្រង់ក៏បង្គាប់ដល់ពួកមហាតលិកថា ចូរនិយាយប្រលោមដាវីឌដោយសំងាត់ថា មើល ស្តេចទ្រង់សព្វព្រះទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ
23 ពួកមហាតលិកក៏ថ្លែងសេចក្តីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង