23 ពួកមហាតលិកក៏ថ្លែងសេចក្តីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង
24 នោះពួកមហាតលិកក៏នាំសេចក្តីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ
25 រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ
26 ដូច្នេះ កាលពួកមហាតលិកបាននាំសេចក្តីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្ត នឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សំរេចនៅឡើយ
27 បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅផង រួចសំឡាប់ពួកភីលីស្ទីនបាន២០០នាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះសូលទ្រង់ប្រទាននាងមីកាល ជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ
28 សូលទ្រង់ក៏យល់ឃើញ ហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ ឯនាងមីកាល ជាបុត្រីសូល ក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក
29 ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។