1 គ្រានោះ សូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់
2 បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសំឡាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័ត្នខ្លួន ត្រូវឲ្យពួននៅក្នុងទីសំងាត់ណាមួយទៅ
3 នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក
4 ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្តីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង