១ សាំយូអែល 19:12-18 KHOV

12 ដូច្នេះ មីកាល​បាន​សំរូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច

13 ឯ​មីកាល​នាង​យក​រូប​១​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង

14 លុះ​កាល​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ

15 រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ

16 តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ

17 ដូច្នេះ សូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។

18 រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្តី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត