១ សាំយូអែល 19:5-11 KHOV

5 គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្តី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី

6 នោះ​សូល​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ព្រម​ទាំង​ចេញ​វាចា​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា វា​មិន​ត្រូវ​ស្លាប់​ទេ

7 រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្តី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។

8 សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

9 រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង

10 ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ​ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង

11 ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​នឹង​សំឡាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ