១ សាំយូអែល 2:11-17 KHOV

11 រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។

12 រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ

13 ឯ​ទំលាប់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​បណ្តា‌ជន នោះ​គឺ​ដូច្នេះ បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បំរើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​៣​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់

14 ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ

15 មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បំរើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សំរាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ

16 បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ​ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ

17 ដូច្នេះ បាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។