31 មើល នឹងមានគ្រាមកដល់ នោះអញនឹងកាត់អំណាចរបស់ឯងចេញ ព្រមទាំងអំណាចនៃពួកវង្សអយ្យកោឯងដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងឡើយ
32 នៅកណ្តាលគ្រប់ទាំងការចំរើន ដែលព្រះទ្រង់នឹងប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល នោះឯងនឹងឃើញមានទុក្ខវេទនាកើតដល់ពួកគ្រួសារឯងវិញ ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងជាដរាបទៅ
33 អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនាអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសំរាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនឹងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចំរើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅ ពីកាលកំពុងនៅពេញវ័យ
34 នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១
35 រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ
36 គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនឹងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។