១ សាំយូអែល 2:5-11 KHOV

5 ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​បាន​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត តែ​ពួក​អ្នក​ដែល​ពី​ដើម​អត់‌ឃ្លាន​គេ​បាន​ឆ្អែត​វិញ បាន​ជា​នាង​ស្រី​អារ​បង្កើត​កូន​បាន​៧ ហើយ​នាង​ដែល​មាន​កូន​ច្រើន​បាន​រីងរៃ​ទៅ

6 ឯ​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​ដែរ

7 ឯ​ការ​ក្រ ហើយ​នឹង​មាន នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ដែល​បន្ទាប​ទៅ ហើយ​គឺ​ទ្រង់​ដែល​លើក​ឡើង​ដែរ

8 ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ៍​នៅ​លើ​សសរ​ទាំង​នោះ

9 ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ

10 ឯ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ទ្រង់​នឹង​បញ្ចេញ​ផ្គរ‌លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជំនុំ‌ជំរះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ស្តេច​នៃ​ទ្រង់ ព្រម​ទាំង​ដំកើង​ស្នែង​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង

11 រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។