3 ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្តីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ
4 នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសំរេចឲ្យ
5 ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ
6 បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
7 បើទ្រង់មានព្រះបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្តីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ
8 ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្តីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ
9 យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្តីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី