6 បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
7 បើទ្រង់មានព្រះបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្តីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ
8 ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្តីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ
9 យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្តីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី
10 រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ
11 យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
12 ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្តីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក