9 យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្តីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី
10 រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ
11 យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
12 ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្តីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក
13 តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ
14 ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្តីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ
15 គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្តីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។