4 សង្ឃឆ្លើយតបថា ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ បើពួកកំឡោះនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ
5 រួចដាវីឌឆ្លើយកាត់ថា នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរបាន៣ថ្ងៃមកហើយ បានជាពួកខ្ញុំបានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម្យ៉ាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ
6 ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះ គ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីព្រោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។
7 នៅថ្ងៃនោះឯង ក៏មានពួកអភិបាលម្នាក់របស់សូលនៅទីនោះ ត្រូវឃាត់ទុកនៅចំពោះព្រះយេហូវ៉ា គាត់នោះឈ្មោះដូអេក ជាសាសន៍អេដំម ធ្វើជាមេដំរួតលើពួកគង្វាលសត្វរបស់សូល
8 ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់
9 សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសំឡាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។
10 នៅថ្ងៃនោះឯង ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល