6 ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះ គ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីព្រោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។
7 នៅថ្ងៃនោះឯង ក៏មានពួកអភិបាលម្នាក់របស់សូលនៅទីនោះ ត្រូវឃាត់ទុកនៅចំពោះព្រះយេហូវ៉ា គាត់នោះឈ្មោះដូអេក ជាសាសន៍អេដំម ធ្វើជាមេដំរួតលើពួកគង្វាលសត្វរបស់សូល
8 ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់
9 សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសំឡាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។
10 នៅថ្ងៃនោះឯង ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល
11 នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី
12 ដាវីឌក៏កំណត់ទុកពាក្យទាំងនោះ នៅតែក្នុងចិត្ត ហើយមានសេចក្តីភ័យដោយព្រោះអ័គីស ជាស្តេចក្រុងកាថ ជាខ្លាំង