១ សាំយូអែល 22:1-7 KHOV

1 ដូច្នេះ ដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន និង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ

2 ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល ហើយ​នឹង​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ទៅ​មូល​ជុំ​គ្នា​នៅ​ឯ​លោក មាន​ចំនួន​ប្រហែល​ជា​៤០០​នាក់​នៅ​ជា​មួយ​នឹង​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។

3 ពី​ទី​នោះ ដាវីឌ​ក៏​ចេញ​ទៅ​ឯ​មីសប៉ា នៅ​ស្រុក​ម៉ូអាប់ លោក​ទូល​សូម​ស្តេច​ម៉ូអាប់​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូល‌បង្គំ​មក​នៅ​អាស្រ័យ​នឹង​ទ្រង់​ផង ដរាប​ដល់​ទូល‌បង្គំ​បាន​ដឹង​ជា​ព្រះ​ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​ទូល‌បង្គំ​ជា​យ៉ាង​ណា

4 លោក​ក៏​នាំ​យក​ឪពុក​ម្តាយ​ទៅ​គាល់​នៅ​ចំពោះ​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ទី​ពំនួន

5 ឯ​ហោរា​កាឌ់​ក៏​ជំរាប​លោក​ថា កុំ​ឲ្យ​នៅ​ក្នុង​ទី​ពំនួន​នេះ​ឡើយ សូម​ទៅ​ឯ​ស្រុក​យូដា​វិញ​ទៅ នោះ​ដាវីឌ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ឯ​ព្រៃ​ហោរេក។

6 ឯ​សូល ទ្រង់​ក៏​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​លោក គ្រា​នោះ សូល​ទ្រង់​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គីបៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​ទ្រង់​ឈរ​ព័ទ្ធ​ជុំវិញ​ផង

7 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ា‌មីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី