12 រួចសូលមានព្រះបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូប ឯងលោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ
13 រួចសូលទ្រង់សួរថា ហេតុអ្វីបានជាឯង និងកូនអ៊ីសាយបានរួមគំនិតទាស់នឹងអញដូច្នេះ ដោយឯងបានឲ្យអាហារ និងដាវដល់វា មកលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះ
14 អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ
15 ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្តីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបំរើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបំរើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
16 តែស្តេចទ្រង់មានព្រះបន្ទូលថា អ័ហ៊ីម៉ាលេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯង ហើយនឹងពួកគ្រួឪពុកឯងទាំងអស់គ្នាផង
17 រួចស្តេចក៏បង្គាប់ដល់ពួកដំរួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសំឡាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកដំរួតរបស់ស្តេច គេមិនព្រមលើកដៃទៅសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ
18 នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសំឡាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដំម ក៏ស្ទុះទៅលើពួកសង្ឃសំឡាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស