១ សាំយូអែល 22:17-23 KHOV

17 រួច​ស្តេច​ក៏​បង្គាប់​ដល់​ពួក​ដំរួត​ដែល​ឈរ​នៅ​ជុំវិញ​ថា ចូរ​ឯង​រាល់​គ្នា​សំឡាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ចោល​ទៅ ពី​ព្រោះ​គេ​បាន​ចូល​ដៃ​នឹង​ដាវីឌ​ហើយ គេ​បាន​ដឹង​ថា​វា​រត់ តែ​មិន​បាន​ប្រាប់​ដល់​អញ​សោះ តែ​ពួក​ដំរួត​របស់​ស្តេច គេ​មិន​ព្រម​លើក​ដៃ​ទៅ​សំឡាប់​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

18 នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស

19 ឯ​ក្រុង​ណូប​ជា​ទី​ក្រុង​របស់​ពួក​សង្ឃ​នោះ វា​ក៏​ប្រហារ​ដោយ​មុខ​ដាវ​ដែរ គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង និង​កូន​ដែល​នៅ​បៅ ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង។

20 តែ​មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ

21 ជំរាប​ពី​ដំណើរ ដែល​សូល​បាន​សំឡាប់​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​អស់​ហើយ

22 នោះ​ដាវីឌ​មាន​ប្រសាសន៍​ទៅ​អ័បៀ‌ថើរ​ថា នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដំម នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា វា​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន ដំណើរ​នេះ​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​គ្រួ​ឪពុក​អ្នក ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ហើយ

23 ដូច្នេះ ចូរ​អ្នក​នៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អ្នក​ដែល​ស្វែង​រក​ជីវិត​ខ្ញុំ ក៏​រក​ជីវិត​អ្នក​ដែរ តែ​នៅ​ជា​មួយ​នឹង​ខ្ញុំ​នេះ អ្នក​នឹង​បាន​សេចក្តី​សុខ​វិញ។