១ សាំយូអែល 22:7-13 KHOV

7 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ា‌មីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី

8 បាន​ជា​ឯង​ទាំង​អស់​គ្នា​បាន​រួម​គំនិត​គិត​ក្បត់​អញ​ដូច្នេះ ហើយ​គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​អញ​ដឹង ក្នុង​កាល​ដែល​កូន​អញ​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង​ដែល​ឈឺ‌ឆ្អាល​នឹង​អញ​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង ជា​កូន​អញ​បាន​ពន្យុះ​អ្នក​បំរើ​របស់​អញ ឲ្យ​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង

9 នោះ​ដូអេក ជា​សាសន៍​អេដំម ដែល​ឈរ​ជិត​ពួក​មហា‌តលិក​របស់​សូល ក៏​ទូល​ឆ្លើយ​ឡើង​ថា ទូល‌បង្គំ​បាន​ឃើញ​កូន​អ៊ីសាយ​មក​ឯ​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័ហ៊ី‌ទូប នៅ​ត្រង់​ណូប

10 ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារ និង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលីស្ទីន​ទៅ​វា​ផង។

11 នោះ​ស្តេច​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ា‌លេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប និង​ពួក​គ្រួ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​ឯ​ស្តេច​ទាំង​អស់​គ្នា

12 រួច​សូល​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប ឯង​លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ

13 រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង និង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ និង​ដាវ​ដល់​វា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ