១ សាំយូអែល 23:13-19 KHOV

13 ដូច្នេះ ដាវីឌ ហើយ​នឹង​ពួក​លោក​ដែល​មាន​ចំនួន​ប្រហែល​ជា​៦០០​នាក់ គេ​ក៏​ឡើង​ចេញ​ពី​កៃឡា ទៅ​ឯ​កន្លែង​១​ទៀត ហើយ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ពី​កៃឡា​ទៅ​បាត់​ហើយ នោះ​ទ្រង់​ក៏​លែង​គិត​ទៅ។

14 ឯ​ដាវីឌ​លោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូល​ទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ​ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។

15 ដាវីឌ​ក៏​ឃើញ​ថា សូល​ទ្រង់​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ព្រៃ​នៅ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ

16 ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ឡើង

17 លោក​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​បាន​នឹង​ជា​បន្ទាប់​របស់​អ្នក​ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ

18 នោះ​អ្នក​ទាំង​២​ក៏​ចុះ​សញ្ញា​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​នៅ​តែ​ក្នុង​ព្រៃ​នោះ​ទៅ តែ​យ៉ូណា‌ថាន​លោក​វិល​ទៅ​ឯ​លំនៅ​របស់​លោក​វិញ។

19 គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន