១ សាំយូអែល 23:2-8 KHOV

2 ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ

3 តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា មើល នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្តី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលីស្ទីន នោះ​តើ​នឹង​ភ័យ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត

4 ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​រៀប‌ចំ​ចុះ​ទៅ​ឯ​កៃឡា​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

5 នោះ​ដាវីឌ និង​ពួក​លោក ក៏​ទៅ​ឯ​កៃឡា ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា

6 រីឯ​កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​១ ជាប់​ទៅ​ជា​មួយ​ដែរ។

7 មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ថា ព្រះ​ទ្រង់​បាន​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​អញ ដ្បិត​វា​ទាល់​ផ្លូវ​រួច​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ផង

8 រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ