23 ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយនឹងអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងជ្រាវរកវា ក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ។
24 គេក៏ក្រោកឡើង ទៅឯស្រុកស៊ីភមុនសូល តែដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ដែលនៅស្រុកវាលខាងត្បូងទីរហោស្ថាននោះវិញ
25 ឯសូល និងពួកទ្រង់ក៏ទៅរក ហើយមានគេមកជំរាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន លុះកាលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ
26 សូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូលហើយនឹងពួកទ្រង់ គេឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងនឹងចាប់ខ្លួន
27 ខណៈនោះ មានអ្នកនាំដំណឹងមក ទូលដល់សូលថា សូមទ្រង់យាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ
28 នោះសូលទ្រង់ក៏លែងដេញតាមដាវីឌ ត្រឡប់វិលទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
29 រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។