១ សាំយូអែល 24:1-7 KHOV

1 កាល​សូល ទ្រង់​បាន​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ នោះ​មាន​គេ​ទូល​ទ្រង់​ថា ឥឡូវ​នេះ ដាវីឌ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​អេន-កេឌី

2 ដូច្នេះ សូល​ទ្រង់​ក៏​យក​មនុស្ស​ដែល​ជ្រើស‌រើស ពី​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​មាន​ចំនួន​៣​ពាន់​នាក់ ចេញ​ទៅ​រក​ដាវីឌ និង​ពួក​លោក​នៅ​លើ​ភ្នំ​ថ្ម​ពពែ​ព្រៃ

3 ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ និង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ

4 ខណៈ​នោះ ពួក​ខាង​ដាវីឌ​ជំរាប​ថា មើល នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ទ្រង់​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​នឹង​ធ្វើ​សំរេច​តាម​តែ​ចិត្ត​បាន ដូច្នេះ ដាវីឌ​ក៏​ក្រោក​ឡើង​លប​ចូល​ទៅ​ថ្នមៗ កាត់​ផ្តាច់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល​ចេញ

5 តែ​បន្ទាប់​នោះ​មក នោះ​ដាវីឌ​ក៏​មាន​សេចក្តី​ឈឺ​ចិត្ត​ស្តាយ ដោយ​ព្រោះ​បាន​កាត់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល

6 រួច​និយាយ​នឹង​ពួក​ខ្លួន​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដែល​ខ្ញុំ​នឹង​លើក​ដៃ​ទាស់​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ

7 គឺ​ដោយ​ពាក្យ​យ៉ាង​នោះ​ឯង ដែល​ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​សូល​ឡើយ រួច​មក សូល​ក្រោក​ឡើង​ចេញ​ពី​រអាង​យាង​តាម​ផ្លូវ​ទ្រង់​ទៅ។