១ សាំយូអែល 25:13-19 KHOV

13 រួច​ដាវីឌ​បង្គាប់​ដល់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ​មាន​មនុស្ស​ប្រហែល​ជា​៤០០​នាក់ ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​២០០​នាក់​ទៀត​នៅ​ថែ​រក្សា​អីវ៉ាន់។

14 មាន​ពួក​កំឡោះ​ម្នាក់​របស់​ណាបាល​បាន​ទៅ​ជំរាប​ដល់​អ័ប៊ី‌កែល ជា​ប្រពន្ធ​ណាបាល​ថា មើល ដាវីឌ​បាន​ចាត់​មនុស្ស​ពី​ទី​រហោ‌ស្ថាន មក​ជំរាប​សួរ​ចៅ‌ហ្វាយ​យើង​ខ្ញុំ តែ​លោក​បាន​ស្តី​កិន​ដល់​គេ​វិញ

15 ពួក​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​យើង​ខ្ញុំ​ណាស់ គេ​មិន​បាន​ធ្វើ​អ្វី​ដល់​យើង​ខ្ញុំ​ទេ ហើយ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​ខ្ញុំ​ឥត​មាន​បាត់​អ្វី​ឡើយ

16 គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ កំពុង​ឃ្វាល​ចៀម​នោះ

17 ដូច្នេះ សូម​ជំរាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។

18 នោះ​នាង​ក៏​ប្រញឹក‌ប្រញាប់ ចាត់‌ចែង​នំបុ័ង​២០០​ដុំ ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​២ ចៀម​រៀប​ជា​ស្រេច​៥ លាជ​៥​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​២០០​ផែន ផ្ទុក​លើ​សត្វ​លា​នាំ​ទៅ

19 នាង​ក៏​ប្រាប់​ដល់​ពួក​បំរើ​របស់​នាង​ថា ចូរ​ចេញ​ទៅ​មុន​អញ​ចុះ អញ​នឹង​ទៅ​តាម​ក្រោយ តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល ជា​ប្ដី​នាង​ឡើយ